គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 4:1-10 Khmer Standard Version (KHSV)

1. មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។

2. ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។

3. ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។

4. ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

5. មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។

6. បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។

7. ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែនដី​នេះ ដែល​ឥត​បាន​ការ

8. គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង‌ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

9. មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។

10. ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ!

សូមអានជំពូកពេញលេញ សាស្ដា 4