គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 2:8-16 Khmer Standard Version (KHSV)

8. ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

9. ខ្ញុំ​ទទួល​ឋានៈ​ដ៏​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​លើស​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។

10. អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែងតែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីក‌រាយ​នឹង​ការ‌ងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ​ជា​ផល​នៃ​ការ‌ងារ​របស់​ខ្ញុំ។

11. បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ដើម្បី​សម្រេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

12. ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ?

13. ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។

14. មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។

15. ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ

16. អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជា‌និច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។

សូមអានជំពូកពេញលេញ សាស្ដា 2