5. ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។
6. ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។
7. ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
8. សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យគ្មានខ្លឹមសារ និងឥតបានការ។
9. សាស្ដាមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺលោកក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ លោកបានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។
10. សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
11. ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ ហើយពាក្យចងក្រងរបស់អ្នកប្រាជ្ញ ប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់។ ប្រាជ្ញាជាអំណោយទានរបស់ព្រះជាម្ចាស់ ដែលជាគង្វាលដ៏ពិតប្រាកដតែមួយគត់។
12. កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។
13. អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។
14. ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។