គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 12:4-10 Khmer Standard Version (KHSV)

4. ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សា‌បក្សី​ស្ងាត់​សូន្យ​ទៅ​វិញ និង​ដូច​សំឡេង​ស្ត្រី​ចម្រៀង​ទាំង​អស់​ចុះ​ខ្សោយ។

5. ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំ‌នៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។

6. ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។

7. ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះ‌អង្គ​វិញ​ដែរ។

8. សាស្ដា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។

9. សាស្ដា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

10. សាស្ដា​ខិត‌ខំ​ស្វែង​រក​ពាក្យ‌ពេចន៍​ល្អៗ​មក​បរិយាយ ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម​ត្រូវ។

សូមអានជំពូកពេញលេញ សាស្ដា 12