គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖

2. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ចិត្ត​ស្រឡាញ់​ក្រុង​ស៊ីយ៉ូន​ពន់​ពេក​ក្រៃ យើង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង!

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏‌វិសុទ្ធ”។

4. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូ‌សាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។

5. នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាស‌ពេញ​ដែរ។

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។

8. យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

10. កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

11. ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមអានជំពូកពេញលេញ សាការី 8