1. ស្រុកលីបង់អើយចូរបើកចំហទ្វាររបស់អ្នក!ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ!
2. ដើមកកោះអើយចូរស្រែកឲ្យអស់ទំហឹងទៅដ្បិតដើមតាត្រៅរលំហើយ!ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!ដើមគគីរនៅស្រុកបាសានអើយចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅដ្បិតព្រៃស្រោងវិនាសអស់ហើយ!
3. ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមានព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
4. ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។
5. អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
6. យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
7. ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។
8. ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
9. ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ!
10. ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។
11. សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
12. ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។