គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 9:20-29 Khmer Standard Version (KHSV)

20. លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចម្ការ​ទំពាំង‌បាយជូរ មុន​គេ​បង្អស់។

21. លោក​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ ហើយ​ស្រវឹង របូត​ខោ‌អាវ​នៅ​ក្នុង​ជំរំ​របស់​លោក។

22. លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

23. ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។

24. ពេល​លោក​ណូអេ​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កូន​ពៅ​របស់​លោក​ធ្វើ

25. លោក​ក៏​ពោល​ថា៖«កាណាន​ត្រូវ​បណ្ដាសា​ហើយ!សូម​ឲ្យ​បង‌ប្អូន​របស់​វា​ប្រើ​វាទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។

26. លោក​ពោល​ទៀត​ថា៖«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​សិមសូម​ឲ្យ​កាណាន​បាន​ទៅ​ជាទាសករ​របស់​សិម​ចុះ!

27. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យ៉ាផេតមាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណានបាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។

28. ក្រោយ​ទឹក​ជំនន់​ធំ លោក​ណូអេ​រស់​បាន​បី​រយ​ហា‌សិប​ឆ្នាំ​ទៀត។

29. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហា‌សិប​ឆ្នាំ បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 9