គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 9:1-13 Khmer Standard Version (KHSV)

1. ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ!

2. សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សា‌បក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។

3. សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា គឺ​យើង​ឲ្យ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​ឲ្យ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។

4. ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។

5. ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។

6. អ្នក​ណា​បង្ហូរ​ឈាម​មនុស្សអ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញមិន​ខាន។ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះ‌អង្គ។

7. ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។

8. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖

9. «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ

10. ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។

11. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។

12. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ

13. គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 9