គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 8:11-21 Khmer Standard Version (KHSV)

11. នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។

12. លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។

13. នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។

14. នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​ខែ​ទី​ពីរ ផែនដី​បាន​រីង​ស្ងួត​អស់។

15. ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ណូអេ​ថា៖

16. «ចូរ​ចេញ​ពី​ទូក​ធំ​នេះ​ទៅ គឺ​ចេញ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។

17. ចូរ​នាំ​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា​មួយ​អ្នក​ចេញ​ទៅ​ផង គឺ​នាំ​ទាំង​បក្សា‌បក្សី ទាំង​សត្វ​ជើង​បួន និង​សត្វ​លូន​វារ​លើ​ដី​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​វា​នៅ​ពាស‌ពេញ​លើ​ផែនដី ព្រម​ទាំង​បង្កើត​កូន​ចៅ និង​កើន​ចំនួន​យ៉ាង​ច្រើន​នៅ​លើ​ផែនដី»។

18. លោក​ណូអេ​ក៏​ចេញ​ពី​ទូក​ធំ រីឯ​កូន​ប្រុស ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ដែរ។

19. សត្វ​ជើង​បួន ឧរង្គ‌សត្វ បក្សា‌បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។

20. លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។

21. ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 8