គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 7:15-24 Khmer Standard Version (KHSV)

15. សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ

16. គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះ‌អម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។

17. ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្ដែត​ឡើង​ផុត​ពី​ដី។

18. ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កំពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។

19. ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។

20. ទឹក​ជន់​លិច​ភ្នំ​ទាំង‌ឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។

21. សត្វ​លោក​ទាំង‌ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា‌បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។

22. អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។

23. ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។

24. ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហា‌សិប​ថ្ងៃ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 7