គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 6:6-22 Khmer Standard Version (KHSV)

6. ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។

8. ប៉ុន្តែ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណូអេ។

9. នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។

10. លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឈ្មោះ​សិម ហាំ និង​យ៉ាផេត។

11. គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។

12. ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារ‌យាទ​ខិល‌ខូច​អាក្រក់។

13. ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។

14. ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។

15. អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។

16. អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។

17. រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ

18. ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។

19. អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឲ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។

20. សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។

21. អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ និង​ទុក​ជា​ចំណី​សម្រាប់​សត្វ​ដែរ»។

22. លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 6