គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 6:1-9 Khmer Standard Version (KHSV)

1. មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។

2. កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កម្រិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។

4. សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។

5. ព្រះ‌អម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។

6. ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។

8. ប៉ុន្តែ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណូអេ។

9. នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 6