គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 50:3-11 Khmer Standard Version (KHSV)

3. គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។

4. លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដូច​ត​ទៅ​នេះ:

5. ឪពុក​ទូលបង្គំ​បាន​សុំ​ឲ្យ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។

6. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។

7. លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​រាជ‌វាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែ‌ហម​ទៅ​ជា​មួយ​ផង។

8. ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បង‌ប្អូន និង​ញាតិ‌សន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ ឲ្យ​នៅ​តំបន់​កូសែន។

9. មាន​រទេះ មាន​ទ័ព​សេះ ធ្វើ​ដំណើរ​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ធ្វើ​ឲ្យ​ក្បួន​ដង្ហែ​សព​នោះ​អធិក‌អធម​ក្រៃ‌លែង។

10. លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ លោក​យ៉ូសែប​រំឭក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

11. ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ‌ទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-‌មីសរ៉ែម”។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 50