គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 50:20-26 Khmer Standard Version (KHSV)

20. បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។

21. ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ‌ស្នាល។

22. លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​បាន​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប លោក​រស់​បាន​មួយ​រយ​ដប់​ឆ្នាំ។

23. លោក​យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​លោក​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ា‌ណាសេ ដែល​លោក​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។

24. លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​យាង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ‌ខាន ហើយ​ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ព្រះ‌អង្គ​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។

25. បន្ទាប់​មក លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។

26. លោក​យ៉ូសែប​ក៏​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។ គេ​បាន​អប់​សព​លោក ហើយ​ដាក់​ក្នុង​ក្តារ‌មឈូស​មួយ​នៅ​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 50