គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 48:6-22 Khmer Standard Version (KHSV)

6. ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរ‌មត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណា‌សេ។

7. ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម»។

8. លោក​អ៊ីស្រា‌អែល​សម្លឹង​មើល​កូន​ប្រុស​របស់​លោក​យ៉ូសែប ហើយ​សួរ​ថា៖ «អ្នក​ទាំង​ពីរ​ជា​នរណា?»។

9. លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

10. ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ចុះ​អន់‌ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រា‌អែល​ក៏​ឱប​ថើប​ចៅ។

11. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា​នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ពុក​ឃើញ​ពូជ‌ពង្ស​របស់​កូន​ថែម​ទៀត!»។

12. លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

13. បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចូល​មក​ជិត​ឪពុក លោក​កាន់​អេប្រាអ៊ីម​នៅ​ដៃ​ស្ដាំ គឺ​ឲ្យ​នៅ​ខាង​ឆ្វេង​លោក​អ៊ីស្រា‌អែល និង​កាន់​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្ដាំ​លោក​អ៊ីស្រា‌អែល។

14. លោក​អ៊ីស្រា‌អែល​បាន​ខ្វែង​ដៃ គឺ​លោក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ​ជា​កូន​ច្បង

15. រួច​លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖«សូម​ព្រះ‌ជាម្ចាស់​ដែល​លោក​អប្រាហាំនិង​លោក​អ៊ីសាក​ធ្លាប់​គោរព​បម្រើសូម​ព្រះ‌ជាម្ចាស់​ដែល​ថែ‌រក្សា​ពុកតាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ

16. សូម​ទេវតា ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុតពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាងប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ!សូម​ឲ្យ​គេ​រំឭក​ឈ្មោះ​ពុកឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតានិង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុកតាម​រយៈ​កូន​ទាំង​ពីរ។សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។

17. លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។

18. លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯ‌ណេះ​វិញ»។

19. ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រាអ៊ីម​នឹង​ទៅ​បាន​ជា​ប្រជា‌ជាតិ​ដ៏​ធំ»។

20. នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រា‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដូច​អេប្រាអ៊ីម និង​ម៉ាណា‌សេ!»។ លោក​អ៊ីស្រា‌អែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណា‌សេ។

21. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ព្រះ‌អង្គ​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូនតា​កូន​វិញ​ដែរ។

22. ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង‌ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 48