10. ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។
11. លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
12. លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ អោនមុខដល់ដី។
13. បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រាអែល។
14. លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង
15. រួចលោកឲ្យពរលោកយ៉ូសែបថា៖«សូមព្រះជាម្ចាស់ដែលលោកអប្រាហាំនិងលោកអ៊ីសាកធ្លាប់គោរពបម្រើសូមព្រះជាម្ចាស់ដែលថែរក្សាពុកតាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
16. សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងប្រទានពរកូនប្រុសទាំងពីរ!សូមឲ្យគេរំឭកឈ្មោះពុកឈ្មោះរបស់លោកអប្រាហាំជាជីតានិងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុកតាមរយៈកូនទាំងពីរ។សូមឲ្យកូនទាំងពីរមានកូនចៅជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
17. លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។