12. លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
13. ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។
14. លោកយ៉ូសែបបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។
15. ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។
16. លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។
17. គេនាំហ្វូងសត្វមកជូនលោកយ៉ូសែប លោកយ៉ូសែបក៏ផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ លោកបានផ្ដល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
18. លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្ដងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។