គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 47:11-30 Khmer Standard Version (KHSV)

11. លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។

12. លោក​យ៉ូសែប​បាន​ផ្គត់‌ផ្គង់​ឪពុក និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។

13. ទុរ្ភិក្ស​កើត​មាន​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​គ្មាន​ស្បៀង​អាហារ​បរិភោគ ក្នុង​ស្រុក​ទាំង​មូល។ ស្រុក​កាណាន និង​ស្រុក​អេស៊ីប​ត្រូវ​ហិន‌ហោច ព្រោះ​តែ​ទុរ្ភិក្ស​នេះ។

14. លោក​យ៉ូសែប​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះចៅ​ផារ៉ោន។

15. ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​ឲ្យ​យើង​ស្លាប់​នៅ​មុខ​លោក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។

16. លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ ចូរ​យក​ហ្វូង​សត្វ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ»។

17. គេ​នាំ​ហ្វូង​សត្វ​មក​ជូន​លោក​យ៉ូសែប លោក​យ៉ូសែប​ក៏​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា​ផង។ ដូច្នេះ នៅ​ឆ្នាំ​នោះ លោក​បាន​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ហើយ​យក​ហ្វូង​សត្វ​ទាំង​អស់​របស់​គេ​ជា​ថ្នូរ។

18. លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​លោក​ម្ដង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​លោក​ម្ចាស់​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី‌ធ្លី ជូន​លោក​ម្ចាស់​ប៉ុណ្ណោះ។

19. មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី‌ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​ឲ្យ​ដី‌ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។

20. លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

21. លោក​យ៉ូសែប​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។

22. រីឯ​ពួក​បូជា‌ចារ្យ​វិញ លោក​យ៉ូសែប​ពុំ​បាន​ទិញ​ដី‌ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ព្រះចៅ​ផារ៉ោន​មាន​ចេញ​ព្រះ‌រាជ​ក្រឹត្យ​មួយ ការពារ​ពួក​បូជា‌ចារ្យ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្ដេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី‌ធ្លី​ឡើយ។

23. លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទិញ ទាំង​អ្នក​រាល់​គ្នា ទាំង​ដី‌ធ្លី​របស់​អ្នក​រាល់​គ្នា ថ្វាយ​ព្រះចៅ​ផារ៉ោន​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ។

24. លុះ​ដល់​ពេល​ប្រមូល​ភោគ‌ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត​សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។

25. ប្រជា‌ជន​នាំ​គ្នា​ពោល​ថា៖ «លោក​ម្ចាស់​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​លោក​ម្ចាស់​យល់​អធ្យាស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន​ហើយ»។

26. លោក​យ៉ូសែប​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ‌ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ថ្វាយ​ព្រះចៅ​ផារ៉ោន មាន​តែ​ដី​របស់​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

27. ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្មសិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។

28. លោក​យ៉ាកុប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំ‌ពីរ​ឆ្នាំ។ លោក​រស់​បាន​ទាំង​អស់​មួយ​រយ​សែ‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

29. ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

30. ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​ដូនតា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូនតា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 47