គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 47:1-12 Khmer Standard Version (KHSV)

1. លោក​យ៉ូសែប​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ទូលបង្គំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។

2. លោក​យ៉ូសែប​បាន​នាំ​បង‌ប្អូន​របស់​លោក​ប្រាំ​នាក់ ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន

3. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បង‌ប្អូន​លោក​យ៉ូសែប​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​គង្វាល ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។

4. ពួក​គេ​ទូល​ស្ដេច​ទៀត​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ទូលបង្គំ​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ទូលបង្គំ​យើង​ខ្ញុំ រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។

5. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​លោក​បាន​មក​ជួប‌ជុំ​នឹង​លោក​ហើយ។

6. លោក​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ស្រាប់ ដូច្នេះ សុំ​លោក​ចាត់​ចែង​ឲ្យ​ឪពុក និង​បង‌ប្អូន​លោក តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ សុំ​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​តំបន់​កូសែន​ចុះ។ ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​លោក​ឃើញ​នរណា​មាន​សមត្ថ‌ភាព សុំ​តែង‌តាំង​គេ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផ្ទាល់​ផង»។

7. លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។

8. ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។

9. លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។

10. លោក​យ៉ាកុប​ថ្វាយ​ពរ​ព្រះចៅ​ផារ៉ោន​សា​ជា​ថ្មី រួច​ចាក​ចេញ​ពី​ព្រះ‌រាជា​ទៅ។

11. លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។

12. លោក​យ៉ូសែប​បាន​ផ្គត់‌ផ្គង់​ឪពុក និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 47