គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 46:24-34 Khmer Standard Version (KHSV)

24. កូន​ប្រុស​របស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។

25. លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។

26. ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។

27. បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

28. លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន

29. លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។

30. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។

31. លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។

32. ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។

33. កាល​ណា​ព្រះចៅ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា “តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?”

34. ត្រូវ​ទូល​ស្ដេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 46