គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 46:18-32 Khmer Standard Version (KHSV)

18. លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

19. កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

20. នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។

21. កូន​ប្រុស​របស់​បេន‌យ៉ាមីន​មាន បេឡា បេគើរ អ័ស‌បេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។

22. លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​រ៉ាជែល​បាន​បង្កើត​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​លោក​ស្រី​រ៉ាជែល​មាន​ចំនួន​ទាំង​អស់​ដប់‌បួន​នាក់។

23. កូន​ប្រុស​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។

24. កូន​ប្រុស​របស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។

25. លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។

26. ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។

27. បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

28. លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន

29. លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។

30. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។

31. លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។

32. ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 46