គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 45:7-19 Khmer Standard Version (KHSV)

7. ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។

8. ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

9. សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្ដាំ​មក​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ

10. លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។

11. កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។

12. បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​បេន‌យ៉ាមីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។

13. សូម​បងៗ​រៀប​រាប់​ជម្រាប​លោក​ឪពុក​ឲ្យ​បាន​ជ្រាប​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​ឲ្យ​គាត់​បាន​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឲ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។

14. លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេន‌យ៉ាមីន ជា​ប្អូន រួច​យំ រីឯ​បេន‌យ៉ាមីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។

15. បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បង‌ប្អូន​លោក​ក៏​និយាយ​សំណេះ‌សំណាល​ជា​មួយ​លោក។

16. ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​វាំង​របស់​ព្រះចៅ​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​មក​ដល់​ហើយ ធ្វើ​ឲ្យ​ទាំង​ស្ដេច ទាំង​ក្រុម​មន្ត្រី​សប្បាយ​ចិត្ត។

17. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សុំ​ប្រាប់​បង‌ប្អូន​របស់​លោក​ថា “ចូរ​នាំ​គ្នា​រៀបចំ​សត្វ​ពាហនៈ​ចេញ​ដំណើរ​ទៅ​ស្រុក​កាណាន​យ៉ាង​ប្រញាប់

18. រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។

19. សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 45