គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 45:18-26 Khmer Standard Version (KHSV)

18. រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។

19. សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។

20. មិន​ត្រូវ​នឹក​ស្ដាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។

21. កូនៗ​របស់​លោក​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​រាជ‌ឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ព្រះចៅ​ផារ៉ោន ហើយ​លោក​ក៏​ឲ្យ​ស្បៀង​អាហារ​គេ សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។

22. លោក​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេន‌យ៉ាមីន​វិញ លោក​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់។

23. លោក​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគ‌ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ ទៅ​ជូន​ឪពុក​របស់​លោក ទុក​សម្រាប់​ធ្វើ​ដំណើរ​មក។

24. បន្ទាប់​មក លោក​ឲ្យ​បង‌ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្ដាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។

25. ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​ជួប​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។

26. គេ​នាំ​គ្នា​ជម្រាប​លោក​យ៉ាកុប​ថា៖ «យ៉ូសែប​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ លោក​យ៉ាកុប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​លោក​មិន​ជឿ​សម្ដី​របស់​ពួក​គេ​ទេ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 45