គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 45:1-14 Khmer Standard Version (KHSV)

1. ដោយ​លោក​យ៉ូសែប​ពុំ​អាច​ទប់​ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក លោក​ក៏​បញ្ជា​ឲ្យ​ពួក​គេ​ចេញ​ទៅ។ ពេល​លោក​យ៉ូសែប​បង្ហាញ​ឲ្យ​បងៗ​ស្គាល់​លោក​នោះ គ្មាន​អ្នក​ឯ​ទៀតៗ​នៅ​ជា​មួយ​ទេ។

2. លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឮ​ដែរ។

3. លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បង‌ប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។

4. លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។

5. ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។

6. មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។

7. ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។

8. ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

9. សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្ដាំ​មក​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ

10. លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។

11. កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។

12. បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​បេន‌យ៉ាមីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។

13. សូម​បងៗ​រៀប​រាប់​ជម្រាប​លោក​ឪពុក​ឲ្យ​បាន​ជ្រាប​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​ឲ្យ​គាត់​បាន​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឲ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។

14. លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេន‌យ៉ាមីន ជា​ប្អូន រួច​យំ រីឯ​បេន‌យ៉ាមីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 45