គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 43:8-20 Khmer Standard Version (KHSV)

8. លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។

9. កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។

10. មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​ពន្យារ​ពេល​ទេ​នោះ ម៉្លេះ​សម​យើង​ត្រឡប់​មក​វិញ​ពីរ​ដង​រួច​ទៅ​ហើយ»។

11. លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ‌ផល​ពី​ស្រុក​យើង​ទៅ​ជូន​លោក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង‌ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ស្វាយ‌ចន្ទី​ទៅ​ជា​មួយ​ផង។

12. ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។

13. ចូរ​យក​ប្អូន ហើយ​នាំ​គ្នា​វិល​ទៅ​ជួប​លោក​នោះ​ទៅ។

14. សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ឲ្យ​លោក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​បេន‌យ៉ាមីន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ‌គ្រា​ទៅ​ចុះ!»។

15. កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។

16. កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។

17. បុរស​នោះ​ធ្វើ​តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។

18. កាល​បង‌ប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។

19. ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖

20. «សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 43