គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 43:24-34 Khmer Standard Version (KHSV)

24. បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប គាត់​យក​ទឹក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​ឲ្យ​លា​ស៊ី​ផង​ដែរ។

25. ក្នុង​ពេល​រង់‌ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់​នោះ ពួក​គេ​បាន​រៀបចំ​ជំនូន​សម្រាប់​លោក​យ៉ូសែប ដ្បិត​ពួក​គេ​ឮ​ដំណឹង​ថា ពួក​គេ​នឹង​ពិសា​បាយ​នៅ​ទី​នេះ។

26. ពេល​លោក​យ៉ូសែប​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​លោក ហើយ​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​លោក។

27. លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»

28. ពួក​គេ​តប​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​លោក។

29. លោក​យ៉ូសែប​សម្លឹង​មើល​ទៅ​ឃើញ​បេន‌យ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​តំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​លោក​បន្ថែម​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រណី​សន្តោស​ដល់​អ្នក!»។

30. ពេល​លោក​យ៉ូសែប​ឃើញ​ប្អូន លោក​អួល​ដើម​ក លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។

31. ក្រោយ​លុប‌លាង​មុខ​រួច​ហើយ លោក​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ប្រាប់​គេ​ឲ្យ​លើក​ម្ហូប​អាហារ​មក។

32. គេ​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក បង‌ប្អូន​លោក​ដោយ​ឡែក និង​ជន‌ជាតិ​អេស៊ីប​ដែល​បរិភោគ​ជា​មួយ​លោក ដោយ​ឡែក ដ្បិត​ជន‌ជាតិ​អេស៊ីប​គ្មាន​សិទ្ធិ​បរិភោគ​ជា​មួយ​នឹង​ជន‌ជាតិ​ហេប្រឺ​ទេ ពី‌ព្រោះ​ជន‌ជាតិ​អេស៊ីប​ប្រកាន់​ណាស់។

33. បង‌ប្អូន​របស់​លោក​យ៉ូសែប​អង្គុយ​បរិភោគ នៅ​ទល់​មុខ​លោក តាម​លំដាប់‌លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ​រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។

34. លោក​យ៉ូសែប​ឲ្យ​អ្នក​បម្រើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​លោក​ទៅ​ជូន​បង‌ប្អូន បេន‌យ៉ាមីន​ទទួល​ប្រាំ​ដង​ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​លោក​យ៉ូសែប​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 43