19. ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖
20. «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។
21. ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ
22. ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។
23. បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវ ខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម្មានឲ្យជួបជុំនឹងពួកគេវិញដែរ។
24. បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។
25. ក្នុងពេលរង់ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់លោកយ៉ូសែប ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។