គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 43:12-23 Khmer Standard Version (KHSV)

12. ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។

13. ចូរ​យក​ប្អូន ហើយ​នាំ​គ្នា​វិល​ទៅ​ជួប​លោក​នោះ​ទៅ។

14. សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ឲ្យ​លោក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​បេន‌យ៉ាមីន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ‌គ្រា​ទៅ​ចុះ!»។

15. កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។

16. កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។

17. បុរស​នោះ​ធ្វើ​តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។

18. កាល​បង‌ប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។

19. ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖

20. «សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។

21. ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ

22. ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។

23. បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប‌ជុំ​នឹង​ពួក​គេ​វិញ​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 43