គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 42:1-14 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ លោក​យ៉ាកុប​បាន​ឮ​ដំណឹង​ថា​មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប លោក​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?»។

2. លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

3. បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប

4. តែ​លោក​យ៉ាកុប​ពុំ​បាន​ចាត់​បេន‌យ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ឲ្យ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​លោក​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។

5. កូនៗ​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។

6. នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក អោន​មុខ​ចុះ​ដល់​ដី។

7. កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។

8. លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។

9. ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។

10. ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។

11. យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ»។

12. លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។

13. ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

14. លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍!

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 42