គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 41:8-18 Khmer Standard Version (KHSV)

8. ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។

9. ពេល​នោះ មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។

10. កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​បញ្ជា​ឲ្យ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ទៅ​ឃុំ‌ឃាំង​ក្នុង​ពន្ធ‌នាគារ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះ‌អង្គ។

11. ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។

12. ក្នុង​ពន្ធ‌នាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះ‌អង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។

13. ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​ឲ្យ​គេ​ព្យួរ-ក មហា‌តលិក​ម្នាក់​ទៀត»។

14. ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។

15. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។

16. លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌ករុណា​បាន»។

17. ពេល​នោះ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។

18. ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំ‌ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 41