គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 41:36-46 Khmer Standard Version (KHSV)

36. ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។

37. ព្រះចៅ​ផារ៉ោន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។

38. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។

39. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។

40. ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។

41. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។

42. ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះ‌អង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង

43. រួច​ឲ្យ​លោក​ឡើង​ជិះ​រាជ‌រថ ដែល​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​ឲ្យ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។

44. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ព្រះចៅ​ផារ៉ោន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។

45. ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា “សាប់‌ណាត់‌ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទី‌ផេរ៉ា ជា​បូជា‌ចារ្យ​នៅ​ក្រុង​អូន មក​ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។

46. កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 41