គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 41:26-36 Khmer Standard Version (KHSV)

26. គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។

27. គោ​ញី​ប្រាំ‌ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំ‌ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ។

28. បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះ‌ករុណា​ស្រាប់​ហើយ ថា​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ

29. គឺ​ក្នុង​អំឡុង​ប្រាំ‌ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគ‌ផល​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។

30. ប្រាំ‌ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ‌ផល​សម្បូណ៌​ហូរ‌ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន‌បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។

31. ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

32. ព្រះ‌ករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

33. ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។

34. សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។

35. មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។

36. ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 41