1. ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។
2. ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។
3. ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។
4. មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក
5. មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
6. ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់
7. លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។
8. គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
9. មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើម នៅពីមុខខ្ញុំ។
10. ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។
11. ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។
12. លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។
13. បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។
14. ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
15. ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
16. មហាតលិកដែលមាននាទីថ្វាយនំប៉័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។
17. នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។
18. លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។
19. នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
20. បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានឲ្យគេដោះលែងមហាតលិកទាំងពីរ នៅមុខមន្ត្រីទាំងអស់។
21. ព្រះរាជាបានតែងតាំងមហាតលិក ដែលមាននាទីថ្វាយស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។
22. ប៉ុន្តែ ស្ដេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំប៉័ងទៅព្យួរ-ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។
23. រីឯមហាតលិកដែលមាននាទីថ្វាយស្រា មិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។