គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 4:5-17 Khmer Standard Version (KHSV)

5. តែ​ព្រះ‌អង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ?

7. ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

8. លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។

9. ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។

11. ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។

12. ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ‌ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី»។

13. លោក​កាអ៊ីន​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះ‌អង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។

14. ថ្ងៃ​នេះ ព្រះ‌អង្គ​ដេញ​ទូលបង្គំ​ចេញ​ពី​ដី​ដែល​មាន​ជី‌ជាតិ​ល្អ ទូលបង្គំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ទូលបង្គំ គេ​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សង‌សឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំ‌ពីរ»។ បន្ទាប់​មក ព្រះ‌អម្ចាស់​ដៅ​សញ្ញា​សម្គាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។

16. បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់ ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

17. លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 4