គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 4:15-26 Khmer Standard Version (KHSV)

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សង‌សឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំ‌ពីរ»។ បន្ទាប់​មក ព្រះ‌អម្ចាស់​ដៅ​សញ្ញា​សម្គាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។

16. បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់ ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

17. លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។

18. លោក​ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក លោក​អ៊ីរ៉ាដ​បង្កើត​មហ៊ូ‌យ៉ែល លោក​មហ៊ូ‌យ៉ែល​បង្កើត​មទូ‌សែល លោក​មទូ‌សែល​បង្កើត​ឡាម៉េក។

19. លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។

20. នាង​អដា​បង្កើត​កូន​មួយ​ឈ្មោះ​យ៉ាបាល ជា​បុព្វបុរស​របស់​ជន‌ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។

21. ប្អូន​របស់​លោក​យ៉ាបាល​ឈ្មោះ​លោក​យូបាល ជា​បុព្វបុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។

22. រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-‌កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-‌កាអ៊ីន ឈ្មោះ​នាង​ណាអាម៉ា។

23. លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖«អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សម្ដី​ខ្ញុំ!ភរិយា​របស់​ឡាម៉េក​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ!ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ព្រោះ​តែ​ស្នាម​ជាំ​មួយ។

24. បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីនត្រូវ​សម្លាប់​ប្រាំ‌ពីរ​នាក់​សង‌សឹក​វិញប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េកត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ‌ពីរ​នាក់ដើម្បី​សង‌សឹក»។

25. លោក​អដាំ​រួម​រស់​ជា​មួយ​ភរិយា​ម្ដង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​កូន​មួយ​ទៀត​មក​ឲ្យ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់»។

26. លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​ហៅ​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 4