គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 4:1-9 Khmer Standard Version (KHSV)

1. លោក​អដាំ​រួម​រស់​ជា​មួយ​នាង​អេវ៉ា​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​សម្រាល​បាន​កូន​មួយ ឈ្មោះ​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ»។

2. នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។

3. លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។

4. លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់

5. តែ​ព្រះ‌អង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ?

7. ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

8. លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។

9. ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 4