គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 38:16-28 Khmer Standard Version (KHSV)

16. គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​ឲ្យ​អ្វី​ខ្ញុំ?»។

17. គាត់​ឆ្លើយ​ថា «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចា៎ស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​ឲ្យ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។

18. គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ នាង​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​លោក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​លោក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ លោក​យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។

19. នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។

20. លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។

21. គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។

22. គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​ស្រី​នោះ​ពុំ​ឃើញ​ទេ ហើយ​អ្នក​ស្រុក​នោះ​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ទី​នេះ​មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ”»។

23. លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើល‌ងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។

24. បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។

25. ពេល​គេ​កំពុង​តែ​នាំ​នាង​ចេញ​ទៅ​ក្រៅ នាង​តាម៉ារ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។

26. លោក​យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។

27. លុះ​ជិត​ដល់​ពេល​សម្រាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។

28. ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 38