គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 38:1-13 Khmer Standard Version (KHSV)

1. គ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បង‌ប្អូន​របស់​លោក ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា នៅ​ភូមិ​អាឌូ‌ឡាម។

2. នៅ​ទី​នោះ គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន‌ជាតិ​កាណាន គាត់​ក៏​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង។

3. នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អ៊ើរ”។

4. នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អូណាន់”។

5. នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សម្រាល​កូន​នោះ លោក​យូដា​រស់​នៅ​ភូមិ​កេស៊ីប។

6. លោក​យូដា​បាន​ដណ្ដឹង​នារី​ម្នាក់ ឈ្មោះ​តាម៉ារ មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​អ៊ើរ ជា​កូន​ច្បង​របស់​គាត់។

7. អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

8. ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណាន់​ថា៖ «ចូរ​ទៅ​រួម​រស់​ជា​មួយ​បង​ថ្លៃ​របស់​កូន យក​នាង​ធ្វើ​ជា​ភរិយា ហើយ​បន្ត​ពូជ‌ពង្ស​ឲ្យ​បង​ប្រុស​របស់​កូន​ទៅ»។

9. ដោយ​អូណាន់​ដឹង​ថា ពូជ‌ពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សម្រក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​ប្រុស។

10. អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ដែរ។

11. ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​ឲ្យ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។

12. យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណ‌ភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាម មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។

13. មាន​គេ​មក​ប្រាប់​នាង​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​នាង​ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 38