គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 37:18-27 Khmer Standard Version (KHSV)

18. កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល។

19. គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ!

20. យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។

21. ពេល​លោក​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។

22. លោក​រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។

23. ពេល​យ៉ូសែប​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។

24. គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​រីង គ្មាន​ទឹក​ទេ។

25. បន្ទាប់​មក គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម​ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស យក​ទៅ​ស្រុក​អេស៊ីប។

26. លោក​យូដា​ពោល​ទៅ​កាន់​បង‌ប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។

27. មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 37