គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 37:12-20 Khmer Standard Version (KHSV)

12. នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​បាន​នាំ​គ្នា​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក នៅ​ស៊ីគែម។

13. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យ៉ូសែប​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។

14. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ លោក​យ៉ាកុប​ក៏​ចាត់​យ៉ូសែប ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។

15. បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។

16. គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មក​រក​បងៗ​របស់​ខ្ញុំ សូម​ពូ​មេត្តា​ប្រាប់​ខ្ញុំ​ផង​ថា ពួក​គាត់​ឃ្វាល​ចៀម​នៅ​កន្លែង​ណា»។

17. បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យ៉ូសែប​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។

18. កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល។

19. គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ!

20. យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 37