គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 35:19-29 Khmer Standard Version (KHSV)

19. លោក​ស្រី​រ៉ាជែល​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម។

20. លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ ជា​ស្តូប​នៅ​លើ​ផ្នូរ គឺ​ស្តូប​ផ្នូរ​នាង​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

21. លោក​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ភូមិ​មីគ‌ដាល-‌អេ‌ឌើរ។

22. គ្រា​ដែល​លោក​អ៊ីស្រា‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​គឺ:

23. កូន​ប្រុស​របស់​លោក​ស្រី​លេអា មាន: រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។

24. កូន​របស់​លោក​ស្រី​រ៉ាជែល មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

25. កូន​របស់​នាង​ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។

26. កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា មាន​កាដ និង​អេ‌ស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។

27. លោក​យ៉ាកុប​បាន​វិល​ទៅ​នៅ​ជា​មួយ​លោក​អ៊ីសាក​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-‌អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ស្នាក់​អាស្រ័យ​នៅ។

28. លោក​អ៊ីសាក​រស់​បាន​ទាំង​អស់​មួយ​រយ​ប៉ែត‌សិប​ឆ្នាំ។

29. បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​លោក ដែល​បាន​ចែក​ស្ថាន​ហើយ​នោះ​ដែរ គឺ​លោក​ទទួល​មរណ‌ភាព ក្រោយ​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 35