គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 34:6-21 Khmer Standard Version (KHSV)

6. លោក​ហា‌ម៉ោរ​ជា​ឪពុក​ស៊ីគែម ក៏​បាន​ចេញ​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជា​មួយ​លោក។

7. កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​វិល​មក​ពី​វាល​វិញ បាន​ដឹង​រឿង​នេះ គេ​យល់​ឃើញ​ថា​គេ​ក៏​បាក់​មុខ​ដែរ ហើយ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត ជា​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ដាច់​ខាត នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​គាត់​បាន​រំលោភ​លើ​កូន​ស្រី​របស់​លោក​យ៉ាកុប។

8. លោក​ហា‌ម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។

9. សូម​បង‌ប្អូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយ‌សារ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​បង‌ប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​ឲ្យ​យើង​ខ្ញុំ ហើយ​បង‌ប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។

10. បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំ‌នៅ​រក​ស៊ី និង​ទិញ​ដី‌ធ្លី នៅ​ស្រុក​នេះ​ហើយ»។

11. ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​នាង​ឌីណា​ថា៖ «សូម​មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់។

12. សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ដា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

13. ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហា‌ម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖

14. «យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​កាត់​ស្បែក*​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។

15. យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។

16. ធ្វើ​ដូច្នោះ ទើប​យើង​លើក​កូន​ស្រីៗ​របស់​យើង​ឲ្យ​ពួក​លោក ហើយ​យើង​ក៏​នឹង​ដណ្ដឹង​កូន​ស្រី​របស់​ពួក​លោក​ដែរ យើង​នឹង​រស់​នៅ​ជា​មួយ​ពួក​លោក ហើយ​យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​សាសន៍​តែ​មួយ។

17. ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មិន​ព្រម​កាត់​ស្បែក​ដូច​យើង​ទេ​នោះ យើង​នឹង​យក​កូន​ស្រី​របស់​យើង​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​ទៅ»។

18. លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន ក៏​យល់​ស្រប​តាម​ពាក្យ​ស្នើ​នេះ។

19. អ្នក​កំលោះ​នោះ​មិន​បង្អែ‌បង្អង់​នឹង​ធ្វើ​តាម​ឡើយ ព្រោះ​គាត់​ស្រឡាញ់​កូន​ស្រី​របស់​លោក​យ៉ាកុប​ជា​ខ្លាំង។ ក្នុង​គ្រួសារ​របស់​លោក​ហា‌ម៉ោរ គេ​គោរព​ស៊ីគែម​ជាង​គេ។

20. លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖

21. «អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្ដឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 34