គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 34:1-13 Khmer Standard Version (KHSV)

1. លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

2. ពេល​នោះ ស៊ីគែម​ជា​កូន​របស់​លោក​ហា‌ម៉ោរ សាសន៍​ហេវី ដែល​ជា​មេ‌កន្ទ្រាញ​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ក៏​ចាប់​នាង​រំលោភ។

3. ស៊ីគែម​ជំពាក់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង‌លោម​ចិត្ត​នាង។

4. ស៊ីគែម​ជម្រាប​លោក​ហា‌ម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្ដឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។

5. លោក​យ៉ាកុប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​លោក​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​លោក​ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ លោក​នៅ​ស្ងៀម ទម្រាំ​ពួក​គេ​ត្រឡប់​មក​វិញ។

6. លោក​ហា‌ម៉ោរ​ជា​ឪពុក​ស៊ីគែម ក៏​បាន​ចេញ​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជា​មួយ​លោក។

7. កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​វិល​មក​ពី​វាល​វិញ បាន​ដឹង​រឿង​នេះ គេ​យល់​ឃើញ​ថា​គេ​ក៏​បាក់​មុខ​ដែរ ហើយ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត ជា​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ដាច់​ខាត នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​គាត់​បាន​រំលោភ​លើ​កូន​ស្រី​របស់​លោក​យ៉ាកុប។

8. លោក​ហា‌ម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។

9. សូម​បង‌ប្អូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយ‌សារ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​បង‌ប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​ឲ្យ​យើង​ខ្ញុំ ហើយ​បង‌ប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។

10. បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំ‌នៅ​រក​ស៊ី និង​ទិញ​ដី‌ធ្លី នៅ​ស្រុក​នេះ​ហើយ»។

11. ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​នាង​ឌីណា​ថា៖ «សូម​មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់។

12. សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ដា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

13. ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហា‌ម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 34