គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 33:1-12 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

2. លោក​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។

3. រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំ‌ពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។

4. លោក​អេសាវ​រត់​មក​ជួប​លោក រួច​ឱប​លោក​ទៀត​ផង។ គាត់​ឱប​ក​លោក ថើប​លោក ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។

5. លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ លោក​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ​ប្របាទ»។

6. ស្ត្រី​បម្រើ​ក៏​នាំ​គ្នា​ចូល​មក​ជា​មួយ​កូនៗ​របស់​នាង រួច​ក្រាប​សំពះ​លោក​អេសាវ។

7. លោក​ស្រី​លេអា និង​កូនៗ​របស់​គាត់ ក៏​ចូល​មក​ក្រាប​សំពះ ហើយ​យ៉ូសែប និង​លោក​ស្រី​រ៉ាជែល នាំ​គ្នា​ចូល​មក​ក្រាប​សំពះ​ដែរ។

8. លោក​អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ»។

9. លោក​អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។

10. លោក​យ៉ាកុប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់‌ទាក់។

11. ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​លោក​យ៉ាកុប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក លោក​អេសាវ​ក៏​យល់​ព្រម​ទទួល។

12. លោក​អេសាវ​ពោល​ថា៖ «តោះ យើង​ចេញ​ដំណើរ​ទៅ បង​នឹង​ទៅ​ជា​មួយ​ប្អូន»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 33