គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 32:18-27 Khmer Standard Version (KHSV)

18. នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។

19. លោក​យ៉ាកុប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ លោក​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ជា​ម្ចាស់ ត្រូវ​ជម្រាប​លោក​ដូច្នេះ

20. គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។

21. គេ​ក៏​នាំ​សត្វ​ទាំង‌ឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។

22. នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។

23. កាល​លោក​ឲ្យ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ លោក​ក៏​ឲ្យ​គេ​ចម្លង​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ដែរ។

24. លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក‌ចំបាប់​ជា​មួយ​លោក​រហូត​ដល់​ភ្លឺ។

25. កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោក‌ចំបាប់​គ្នា​នោះ។

26. បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ លោក​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។

27. បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 32