គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 32:13-23 Khmer Standard Version (KHSV)

13. យប់​នោះ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ លោក​បាន​យក​សត្វ​មួយ​ចំនួន ដែល​លោក​មាន​មក​ធ្វើ​ជា​ជំនូន ដល់​លោក​អេសាវ​ជា​បង

14. គឺ​ពពែ​ញី​ពីរ​រយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល

15. អូដ្ឋ​ញី​សាម‌សិប​ក្បាល ព្រម​ទាំង​កូន​វា​ដែល​នៅ​បៅ​ដោះ គោ​ញី​សែ‌សិប​ក្បាល គោ​បា​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​លា​ឈ្មោល​ដប់​ក្បាល។

16. លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

17. លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?”

18. នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។

19. លោក​យ៉ាកុប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ លោក​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ជា​ម្ចាស់ ត្រូវ​ជម្រាប​លោក​ដូច្នេះ

20. គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។

21. គេ​ក៏​នាំ​សត្វ​ទាំង‌ឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។

22. នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។

23. កាល​លោក​ឲ្យ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ លោក​ក៏​ឲ្យ​គេ​ចម្លង​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 32