គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 32:1-13 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​មក​ជួប​លោក។

2. ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម»។

3. លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។

4. លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​លោក​អេសាវ ជា​ម្ចាស់​ខ្ញុំ ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។

5. ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។

6. អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។

7. លោក​យ៉ាកុប​ភ័យ​ខ្លាច និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង លោក​ក៏​ចែក​ពួក​លោក​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ

8. ព្រោះ​លោក​គិត​ថា ប្រសិន​បើ​លោក​អេសាវ​មក​វាយ​ប្រហារ​ជំរំ​មួយ ជំរំ​មួយ​ទៀត​អាច​រត់​រួច​បាន។

9. បន្ទាប់​មក លោក​យ៉ាកុប​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​លោក​អប្រាហាំ ដែល​ជា​ជីតា​របស់​ទូលបង្គំ ជា​ព្រះ​នៃ​លោក​អ៊ីសាក​ដែល​ជា​ឪពុក​របស់​ទូលបង្គំ​អើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា!”

10. ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ មិន​សម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ទូលបង្គំ​ដល់​កម្រិត​នេះ​ឡើយ។ កាល​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ទូលបង្គំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ទូលបង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។

11. សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ទូលបង្គំ និង​គ្រួសារ​ទូលបង្គំ ទាំង​ស្រី​ទាំង​ក្មេង។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។

13. យប់​នោះ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ លោក​បាន​យក​សត្វ​មួយ​ចំនួន ដែល​លោក​មាន​មក​ធ្វើ​ជា​ជំនូន ដល់​លោក​អេសាវ​ជា​បង

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 32