គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:40-51 Khmer Standard Version (KHSV)

40. ខ្ញុំ​ទ្រាំ‌ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​ត្រូវ​រង​កម្ដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។

41. ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់‌បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។

42. ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះ‌អង្គ​កាន់​ខាង​ខ្ញុំ»។

43. លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម‌ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

44. ដូច្នេះ ឥឡូវ​នេះ​ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា ហើយ​សូម​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ផង!»។

45. លោក​យ៉ាកុប​បាន​យក​ដុំ​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​ស្តូប។

46. លោក​យ៉ាកុប​ប្រាប់​បង‌ប្អូន​របស់​លោក​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​ថ្ម​នោះ។

47. លោក​ឡាបាន់​ហៅ​កន្លែង​នោះ​ថា «យេការ-‌សា‌ហា‌ឌូថា» តែ​លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា «កា‌ឡេឌ»វិញ។

48. លោក​ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។

49. គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គំនរ​ថ្ម​នោះ​ថា «មីសប៉ា»ដែរ ព្រោះ​លោក​ឡាបាន់​ពោល​ថា «សូម​ព្រះ‌អម្ចាស់​តាម​ឃ្លាំ​មើល​កូន និង​ពុក នៅ​ពេល​ដែល​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ។

50. ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្ដី ក៏​មាន​ព្រះ‌ជាម្ចាស់​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។

51. លោក​ឡាបាន់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «មើល​នែ៎ គំនរ​ថ្ម និង​ស្តូប​នេះ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន និង​ពុក។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31