គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:33-41 Khmer Standard Version (KHSV)

33. លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។

34. លោក​ស្រី​រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។

35. លោក​ស្រី​រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ លោក​ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។

36. លោក​យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?

37. ពេល​លោក​ឪពុក​ឆែក‌ឆេរ​មើល​ឥវ៉ាន់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ តើ​លោក​ឪពុក​ឃើញ​មាន​អ្វី​ខ្លះ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​ឪពុក? សូម​បង្ហាញ​ឲ្យ​បង‌ប្អូន​របស់​ខ្ញុំ និង​បង‌ប្អូន​លោក​ឪពុក បាន​ឃើញ​នៅ​ទី​នេះ​ផង ដើម្បី​ឲ្យ​គេ​ជួយ​អារ​កាត់​រឿង​យើង​ទាំង​ពីរ។

38. ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

39. ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែងតែ​សង​ជា‌និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

40. ខ្ញុំ​ទ្រាំ‌ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​ត្រូវ​រង​កម្ដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។

41. ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់‌បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31