គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:23-33 Khmer Standard Version (KHSV)

23. គាត់​ក៏​នាំ​បង‌ប្អូន​ដេញ​តាម​លោក​យ៉ាកុប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប នៅ​តំបន់​ភ្នំ​កាឡាដ។

24. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​យាង​មក​ឲ្យ​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម​ឃើញ ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី»។

25. លោក​ឡាបាន់​បាន​តាម​លោក​យ៉ាកុប​ទាន់។ លោក​យ៉ាកុប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​លោក​ឡាបាន់​វិញ លោក​ក៏​បោះ​ជំរំ​ជា​មួយ​បង‌ប្អូន​លោក នៅ​លើ​ភ្នំ​កាឡាដ​ដែរ។

26. លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​ពី​ពុក ហើយ​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ពុក​មក ដូច​ជា​ឈ្លើយ​សឹក​យ៉ាង​ហ្នឹង?

27. ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។

28. កូន​មិន​បាន​ទុក​ឲ្យ​ពុក​ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី‌ល្ងើ​មែន។

29. ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ព្រះ​នៃ​ដូនតា​របស់​ឯង​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់‌មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី”។

30. ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិ‌សន្ដាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។

31. លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ​មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។

32. ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ លោក​យ៉ាកុប​ពុំ​ដឹង​ថា លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។

33. លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31